យាម
( ន. ) ប្រដាប់របស់នង្គ័លដែលភ្ជាប់ផ្នៀងនិងដងមានសណ្ឋានរៀវខាងចុង រាងកោងស្រួចមកខាងក្រោយសម្រាប់កាន់ភ្ជួរ : យាមនង្គ័ល ។
សំ. បា. ( ន. ) វេលាដែលបែងជាសង្កាត់ៗ ក្នុងថ្ងៃមួយៗ, បើគិតជាម៉ោង ក្នុងមួយយាមមានបីម៉ោង ឬបួនម៉ោង, ក្នុងថ្ងៃមួយយប់មួយមាន ៨ យាម ឬ៦ យាម ត្រូវថា ២៤ម៉ោង ហៅរួមថាមួយថ្ងៃ ។ ក្នុងសម័យបុរាណ ច្រើនប្រើហៅថា យាម តែក្នុងវេលាយប់ៗមួយមានបីយាមគឺ យាម ទី ១ ហៅបឋមយាម ឬ ប្រថមយាម, ទី ២ ហៅ មជ្ឈិមយាម ឬ មធ្យមយាម, ទី ៣ ហៅ មច្ឆិមយាម ឬ បស្ចិមយាម (ក្នុងយាមមួយៗ បើគិតជាម៉ោងមាន ៤ ម៉ោង) ។ យាមយោគ ដំណើរប្រកបផ្សំតាមពេលយាមគឺការកំណត់ពេលយាមថាមានជោគល្អ ឬ ការទាយតាមពេលយាម ។ យាមយោគយាត្រា ដំណើរចេញចរ, តាមយាមយោគ គឺការពិនិត្យមើលពេលតាមក្បួនតម្រារួចទើបចេញ ដើរ ។ ចាប់យាម សង្កេតពេលយាមតាមក្បួនតម្រា ហើយទាយតាមក្បួនប្រាប់ពិតខ្លះទេខ្លះ ។ល។
ស. ( ន. ) ថង់សំពត់មានដៃឬយោគស្ពាយបាន : ស្ពាយយាម ។
( កិ. ) ចាំរក្សាឬក្រវែលឃ្លាំមើល ដោយការប្រយ័ត្នក្នុងពេលមានកំណត់ : យាមឃ្លាំង, យាមផ្លូវ, យាមគុក ។ យាមល្បាត ល្បាតឃ្លាំមើល ក្នុងពេលមានកំណត់ ។