Jump to content

ស្រីឥន្ទ្រាទិត្យ

ពីវិគីភីឌា
ពុកឃុនឝ្រីឥន្ទ្រាទិត្យ
ពញារោង
พ่อขุนศรีอินทราทิตย์
ពុកឃុននៃសុខោទ័យ
ព្រះរូបនៃឝ្រីឥន្ទ្រាទិត្យ នៅស្រុកសួគ៌លោក ចង្វាតសុខោទ័យ
ព្រះមហាក្សត្រនៃឝ្យាម
រជ្ជកាល១២៣៨ – ១២៧០
អង្គមុនអធិរាជាណាចក្រខ្មែរ
អង្គក្រោយបានមឿង
ប្រសូត?
សុគត១២៧០
រាជពន្ធភាពសឿង
រាជបច្ឆាញាតិពុកឃុនបានមឿង
ពុកឃុនរាមកំហែង
និងព្រះរាជបុត្របីអង្គផ្សេងទៀត
វង្សរាជវង្សព្រះរោង

ពុកឃុនឝ្រីឥន្ទ្រាទិត្យ រឺ ពញារោង (ថៃ: พ่อขุนศรีอินทราทิตย์; ព.ប.ប.ស.ថ: ស៊ីអ៊ិនថៈរ៉ាធិត; ?  – ១២៧០) បានសោយរាជ្យនៅអាណាចក្រសុខោទ័យចាប់ពីឆ្នាំ១២៣៨ ដល់រង្វង់ឆ្នាំ១២៧០។ ទ្រង់ត្រូវបានគេលើកសរសើរថាជាស្ថាបនិកនៃ រាជវង្សព្រះរោង ដែលរាជវង្សនេះខ្លួនឯងត្រូវបានចាត់ទុកថាជារាជវង្សឝ្យាមដំបូងគេក្នុងប្រវត្តិសាស្ត្រ ហើយក៏មានការអះអាងលើសពីឋានៈនេះ: ថាជាអណ្ដូងអរិយធម៌ច្បាស់លាស់មួយក្នុងតំបន់ចំណាំតែហៅដោយជនបរទេសថា "សៀម"ៗ (ខ្មែរ:ស្យាម, ចិន: សៀន, ។ល។) ហើយក៏ជារាជវង្សមួយដែលបានរំដោះមឿងថៃជាច្រើនពីច្រវាក់នឹមរបស់ខ្មែរផងដែរ។[]

ព្រះនាម

[កែប្រែ]

១. បាងក្លាងហ្វា

២. ឝ្រីឥន្ទ្រាទិត្យ

៣. អរុណរាជ

៤. ឝៃយរ័ងតរាជ រឺ ឝុរ័ងតរាជ រឺ ឝៃយមរងតរាជ រឺ រ័ងតរាជ

៥. ព្រះរោង រឺ រោចមរាជ

៦. ព្រះឥន្ទ្រា រឺ ពុកឥន្ទ្រា

ការលំបាកក្នុងការប្រែសំរួល

[កែប្រែ]

ដើមឡើយគេស្គាល់ថា ពុកឃុនបាងក្លាងហាវ พ่อขุนบางกลางหาว ប្រែថា លោកម្ចាស់គ្រងមេឃ ភាពចំរូងចំរាស់ជុំវិញព្រះនាមនេះបង្ហាញនូវភាពមានកំរិតនៃអភិលេខន៍ (ចារឹកលេខន៍ រឺ ចារឹកសាស្ត្រ)។ វិទ្យាសាស្ត្រនេះសិក្សាអំពីចារឹក រឺ អភិលេខន៍ជាសំណេរ ដើម្បីកំណត់លេខតា បញ្ជាក់អត្ថន័យ បញ្ជាក់ពីរបៀបប្រើប្រាស់តាមរយៈកាលបរិច្ឆេទ និងបរិបទវប្បធម៌។ អត្ថបទនានាដែលបានចារលើសិលាចារឹកជារឿយៗបានបាត់បង់ផ្នែកខាងលើ រឺ ខាងក្រោម ត្រង់កន្លែងមួយដែលគេគិតថាមានកាលកំណត់ ជារឿងលំបាកក្នុងការទាញសេចក្ដីសន្និដ្ឋានអំពីសំណេរ និង អ្នកនិពន្ធ។ អ្វីដែលបានទាញចេញជាពិសេសពីចារឹកលេខន៍គឺជាចំណុចសំខាន់ខាងប្រវត្តិសាស្ត្រនៃចារឹក ប្រៀបដូូចជាឯកសារមួយ ហើយវាក៏ជាតំលៃសិល្បៈនៃបទតែងសេចក្ដីខាងអក្សរសាស្ត្រ។ ភាពស្មុគស្មាញទាំងនេះនាំអោយគេយល់ថាអ្នកដឹកនាំនៅគ្រាដំបូងនៃឆាកជីវិតជាធម្មតាបានយកងារជា ហ្វា (หาว)។ [ត្រូវការអំណះអំណាង]

ព្រះរាជជីវភាព

[កែប្រែ]

ព្រះអង្គធ្លាប់ជាម្ចាស់នៃសាមន្តរដ្ឋបាងយាង ទឹកដីដែលជាកម្មសិទ្ធិរបស់តំបន់ចុងខាងលិចបំផុតនៃអធិរាជាណាចក្រខ្មែរ (រជ្ជកាល ព្រះបាទឥន្ទ្រវម៌្មទី២ និង ជយវម៌្មទី៩) នៅពេលនោះ។ ទឹកដីនេះនាពេលឥឡូវលាតសន្ធឹងនៅជុំវិញបរិវេណខាងជើងភាគកណ្ដាលនៃប្រទេសថៃ

ឃុនបាងក្លាងហ្វារួមជាមួយឃុនផាមឿង ដែលជាព្រះចៅនៃរ៉ាដ បានសំរេចចិត្តបះបោរ និង ប្រកាសឯករាជ្យពីអង្គរ។ ការត្រួតត្រា និងការយកពន្ធដារហួសហេតុពេករបស់ខ្មែរគឺជាកត្តាជំរុញយ៉ាងខ្លាំងនាំឱ្យមានការបះបោរ។ ភាពមហាវក់វីរបស់ខ្មែរជាមួយសំណង់ស្ថាបត្យកម្មធំៗ បានបន្សោយសមត្ថភាព និង ការប្រុងជើងការការពាររបស់ខ្មែរ ដែលជួយនាំឱ្យមានការបះបោរនេះឡើង។ ឃុនបាងក្លាងហ្វាបានកាន់កាប់បានឝ្រីសជនាល័យ ហើយប្រគល់ទឹកដីនេះឱ្យទៅផាមឿងផាមឿងក៏បានប្រគល់សុខោទ័យអោយទៅទ្រង់ជាការតបស្នងវិញ។

ឃុនបាងក្លាងហ្វា ក្រោយមកបានប្រកាសអង្គឯងជាក្សត្រនៅសុខោទ័យ ដោយយកព្រះនាមចេញពីសំស្ក្រឹតថា ឝ្រីឥន្ទ្រាទិត្យ ដែលប្រែថា "អ្នកធំលើព្រះអាទិត្យ ខ្មែរ ហៅថា ម្ចាស់នៃថ្ងៃ"។ មន្តវិជ្ជាការ និង ភាពក្លាហានរបស់ទ្រង់មានការចាប់ចិត្តយ៉ាងខ្លាំងដោយប្រជារាស្ត្រក្នុងព្រះនគរ ដែលបានចាត់ទ្រង់ដូច្នោះថា ព្រះរោង (ព្រះអង្គម្ចាស់នៃភាពរុងរឿង)។ គោរម្យងារនេះត្រូវបានផ្ដល់ដោយក្សត្រចំណុះនៃសុខោទ័យ ដូចនោះហើយវាក៏ផ្ដល់ជាកំណើតដល់រាជវង្សសៀមដំបូងគេឡើង ហៅថា រាជវង្សព្រះរោង។

ឝ្រីឥន្ទ្រាទិត្យ និង ព្រះមហេសី ព្រះនាងសឿង មានព្រះរាជបុត្រាបីអង្គ។ បុត្រច្បងសុគតនៅវ័យកុមារ បុត្រទីពីរមានព្រះនាមថាបានមឿង និង បុត្រទីបីបានបង្ក្រាបព្រះអង្គម្ចាស់ខ្មែរមួយអង្គក្នុងចំបាំងលើខ្នងដំរី ទ្រង់បានថ្វាយព្រះនាមដល់បុត្រពៅថា រាមកំហែង ជាតឹកតាងនៃភាពអង់អាចក្លាហានរបស់ទ្រង់។ ឝ្រីឥន្ទ្រាទិត្យបានសោយទិវង្គតប្រហែលឆ្នាំ១២៧០ ហើយត្រូវស្នងរាជ្យបន្តដោយព្រះរាជបុត្ររបស់ទ្រង់ បានមឿង។

ពង្សាវលី

[កែប្រែ]

និទានក្នុងពង្សាវតារខ្មែរ

[កែប្រែ]

ប្រសូត

[កែប្រែ]

ថ្ងៃមួយ ​ ​ព្រះបាទ​បទុមវរវង្សបាន​នាំ​អស់​ពលរេហ៍​សេនាមុខ​មន្ដ្រី​តូច​ធំ​ ​យាង​ទៅ​ប្រពាត​ព្រៃ​កំសាន្ដ​នៅ​តាម​ដង​ទន្លេ​ក្នុង​តំបន់​បាសាន្ត​ ​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ស្រីសន្ធរ​សព្វថ្ងៃ​ ​ត្រង់​ចន្លោះ​ទន្លេមេគង្គ​ ​និង​ទន្លេតូច។​ ​ទីនោះ​មាន​ទេសភាព​ ​និង​ដីខ្សាច់​សក្បុស​ល្អ​ណាស់ ។​ ​ខណៈនោះ​ព្រះ​អង្គ​បាន​ជួប​ប្រទះ​ឃើញ​នាង​នាគ​មួយ​អង្គ​ ​ដែល​ដំណែង​ខ្លួន​ជា​នារី​យ៉ាង​ល្អ​ឥត​ខ្ចោះ​ស្រស់ប្រិមប្រិយ​ ​មាន​សម្ផស្ស​សោភ័ណភាព​ ​លើស​ផុត​អស់​ស្រី​ទាំងពួង​ ​នាង​មាន​សាច់​សម្បុរ​ពណ៌​ស​ស្អាត។​ នាងនាគ​បាន​ធ្វើ​ដំណើរ​ចេញពី​ ស្ថាន​ភុជង្គនាគ​ ​មក​កំសាន្ដ​លេង​ត្រង់​ឆ្នេរ​ខ្សាច់​នោះ​ដែរ​ ​គ្រាន់តែ​បាន​យល់​ឃើញ​នាងនាគ​ភ្លាម​ ​ព្រះបាទ​បទុមវរវង្ស​ពុំ​អាច​ទប់ចិត្ដ​ ​មិន​ប្រតិព័ទ្ធ​ស្នេហា​ព្រះ​នាង​បាន​ឡើយ​ ​ព្រះ​អង្គ​ក៏​ស្ទុះ​យាង​ចូល​ទៅ​សុំ​សេចក្ដី​ស្នេហា​ ​ហើយ​សួរ​ស្ដីដណ្ដឹង​រៀបចំ​អភិសេក​ព្រះ​នាង​ជា​អគ្គមហេសី។​ ​នាងនាគ​ក៏​យល់ព្រម​ ​សុខចិត្ដ​សុខកាយ​ ​លុះ​ទៅ​ដោយ​សេចក្ដី​ស្នេហា​លួងលោម​របស់​ព្រះមហាក្សត្រ។​ ​បន្ទាប់​មក​ ​ព្រះ​អង្គ​ក៏​នាំ​នាម៉ឺន​មន្ដ្រី​បរិវារ​ពល​សេនា​ ​វិល​ត្រលប់​ចូល​ព្រះ​មហានគរ​វិញ​ ​ព្រះ​អង្គ​បាន​ប្រទាន​ឋានៈ​ជា​ព្រះ​អគ្គមហេសី​ ​ធំ​ខ្ពស់​លើស​អស់​ស្រីស្នំ​ទាំងពួង។​ ​នាងនាគ​បាន​ទទួល​ព្រះ​នាម​ថា​ ​ព្រះ​ទេវត្តីសេរីរតន៍​កញ្ញា​មហាក្សត្រី។ ​មិនតែប៉ុណ្ណោះ​ ​ព្រះ​បទុមវរវង្ស​បាន​ចេញ​បញ្ជា​ឲ្យ​រាជការ​មុខមន្ដ្រី​ ​និង​ប្រជានុរាស្ដ្រ​ទាំងអស់​ក្នុង​ព្រះរាជ​អាណាចក្រ​​ដាក់​ឈ្មោះ​ ​និង​ហៅ​កន្លែង​ដែល​ព្រះ​អង្គ​បាន​ជួប​ស្នេហា​នាងនាគ​ថា​ ​ស្រីសឈរ។ ឈ្មោះ​កន្លែង​នេះ​បាន​ក្លាយ​បន្ដិច​ម្ដងៗ​ទៅ​ជា​ ​ស្រីសន្ធរ​ ​រហូត​មក​ដល់​សព្វថ្ងៃ។ ​ក្នុង​កាយវិការ​នេះ​ ​ព្រះ​បទុមវរវង្ស​ចង់​លើកទុក​អនុស្សាវរីយ៍​ស្នេហា​ព្រះ​អង្គ​ចំពោះ​នាងនាគ​ឲ្យ​ស្ថិត​នៅ​ជា​អមតៈ​ជា​និច្ច។​

យូរ​ថ្ងៃខែ​កន្លង​មក​ ​ព្រះ​នាងនាគ​ក៏​ទ្រង់​គភ៌​ គំរប់គ្រប់​១០​ខែ ព្រះ​នាង​ប្រសូត​បាន​ពង​មួយ។​ ​ដោយ​ភ័យ​ខ្លាច​មានការ​អាម៉ាស់​មុខ​អាប់​កិត្ដិយស​ ​និង​ខ្លាច​មាន​ចលាចល​ក្នុង​ព្រះ​នគរ​ព្រះមហាក្សត្រ​ ​និង​ព្រះ​អគ្គមហេសី​ក៏​សម្រេច​ចិត្ដ​យក​ពង​នោះ​ទៅ​កប់​ចោល​ក្នុង​ឆ្នេរ​ខ្សាច់​​នា​តំបន់​គីរិន្ដបូរ​ ​គឺ​ស្រុក​បរិបូណ៌​ ​ក្នុង​ខេត្ដពោធិសាត់​សព្វថ្ងៃ។​

នា​សម័យ​កាលនោះ​នៅ​ក្នុងស្រុក​ខ្មែរ​មាន​សៀម​ម្នាក់​ឈ្មោះ​គង់​ ​ដោយ​គាត់​មាន​ពុកចង្កាស្រមូវ​ ​អ្នកផង​ទាំងពួង​នាំ​គ្នា​ដាក់​ឈ្មោះ​ឲ្យ​គាត់​ថា​ ​គង់​ស្រមូវ​ (បើ​តាម​ពង្សាវតារ​វត្ដ​កោកកាក​ ​សៀម​មេក្រុម​កំណែន​មានឈ្មោះ​ ​គង់​ដែរ​ ​តែ​គេ​បាន​ដាក់​ឈ្មោះ​ឲ្យ​ថា​គង់​ពុកចង្កា​អង្កាញ់។​ ​ពង្សាវតារ​ព្រះ​អង្គ​ម្ចាស់​នព្វរតន៍​​បាន​សរសេរ​ថា​ ​គង់​នេះ​ត្រូវ​ហៅ​គង់​ស្រមូវ​ ​ឬ​គង់​ក្រៅ)។ គាត់​ជា​មេក្រុម​ពួក​កំណែន​សៀម​ ​ដែល​រៀង​រាល់​ឆ្នាំ​ ​ត្រូវ​តែ​ដឹកនាំ​សួយសារអាករ​ ​តាម​រទេះ​ ​មានទឹក​ ​និង​ត្រី​កន្ធរ​ហាល​មក​ថ្វាយ​ស្ដេច​ខ្មែរ។​ ​ថ្ងៃមួយ​ ​បំពេញភារៈកិច្ច​ផ្នែក​កំណែន​រួច​ហើយ​ ​គង់​ស្រមូវ​រៀបចំ​ឥវ៉ែឥវ៉ាន់​គ្រប់​បែប​យ៉ាង​សព្វសារពើរ​ ​ផ្ទុក​ដាក់​ក្នុង​រទេះ​ ​សំរាប់​យក​ទៅ​លក់ដូរ​ឯ​ស្រុកភូមិ​វិញ​ ​ក្បួន​រទេះ​សៀម​គង់​ស្រមូវ​ ​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​តាម​តំបន់​បរិបូណ៌​ ​នៅ​តាម​ផ្លូវ​ ​កន្លែង​មួយ​ដែល​មាន​ដី​ទួល​ខ្ពស់​ខុស​អំពី​ធម្មតា​ ​បាន​ធ្វើ​ឲ្យ​គាត់​មានការ​មន្ទិល​សង្ស័យ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង។​ ​គាត់​ក៏​ចុះ​ពី​រទេះ​ស្ទុះ​ទៅ​ជីកដី​ទួល​នោះ។​ ​ជីក​បាន​មួយសន្ទុះ​គាត់​សង្កេត​ក្រឡេក​មើលទៅ​​ឃើញច្បាស់​ជា​ពង​មួយ​ដ៏​ធំ​អស្ចារ្យ​ខុស​ប្លែក​ពី​ធម្មតា​ ​គង់​ស្រមូវ​ខំ​លើក​បី​ពង​នោះ​ដោយ​ថ្មមៗ​ ​ហើយ​លើកដាក់​រទេះដឹក​ជញ្ជូន​យក​ទៅ​ស្រុកភូមិ​ជាមួយ​ ​គាត់​ថែរក្សា​ទុកដាក់​ពង​នោះ​ដោយ​ប្រុង​ប្រយ័ត្ន​ជាទី​បំផុត​ (បើ​តាម​ពង្សាវតារ​វត្ដ​កោកកាក​ ​នៅ​ពេល​ទៅ​ដល់​ម្ដុំ​ស្រុក​បរិបូណ៌​ ​គង់​ស្រមូវ​បានឃើញ​ពង​នោះ​កំពុង​តែ​ញាស់​រួច​ស្រេច​ទៅ​ហើយ)។

គ្រប់ ​កាល​គ្រប់​វេលា​កាលណា​ ​ពង​នោះ​ញាស់​ចេញ​ជា​ទារក​ប្រុស​មួយ​ ​មាន​រូបរាង​ស្រស់​ល្អ​ស្អាត​សក្ដិ​សម​ ​ដែល​គង់​ស្រមូវ​ដាក់​ឈ្មោះ​ឲ្យ​ថា​នាយ​រង។​ ​គាត់​ស្រឡាញ់​ថ្នាក់ថ្នម​បីបាច់​ថែរក្សា​ចិញ្ចឹម​ទំនុកបំរុងទារក​នោះ​ដូចជា​កូនបង្កើត

ពេញវ័យ

[កែប្រែ]

ចំណែកឯ​នាយ​រោង​ វិញ​ក៏​បាន​ពេញវ័យ​ដែរ​ ​ក្រោយ​ដែល​គង់​ស្រមូវ​បាន​ចូល​មរណៈកាល​ទៅ​ ​នាយ​រោង​បាន​ឡើង​ឋានៈ​ជំនួស​ឪពុក​ ​ជា​មេក្រុម​កង​កំណែន​ដឹក​ជញ្ជូន​ទឹក​ ​និង​ត្រី​កន្ធរ​ ​យក​មក​ថ្វាយ​ព្រះមហាក្សត្រ​ខ្មែរ។​ ​ថ្ងៃមួយ ដល់​ពេលវេលា​ដែល​ត្រូវ​តែ​នាំ​ពល​កំណែន​ទៅ​ដងទឹក​យក​ទៅ​ថ្វាយ​ស្ដេច​ខ្មែរ​ ​នាយ​រោង​បាន​បញ្ជា​ឲ្យ​ក្រុម​កំណែន​ទាំងនោះ​ ​ត្បាញ​កញ្ជើ​ឲ្យ​ញឹក​ល្អិត​ជាទី​បំផុត​ ​ហើយ​ឲ្យ​នាំ​គ្នា​ដងទឹក​យក​ទៅ​ចាក់​ដាក់​ក្នុង​កញ្ជើ​ទាំងនោះ​ ​កញ្ជើ​នោះ​មានឈ្មោះ​ជាប់​មក​ថា​ ​ជាល​ភ្នែក​ក្រួច។​ ​បន្ទាប់​មក នាយ​រោង​និយាយ​បង្គាប់​ទៅ​កាន់​ជាល​ទាំងនោះ​ឲ្យធ្វើ​ដូច​ម្ដេច​កុំឲ្យ​ទឹក​លេច​ចេញ​សោះ។​ ​ទិព្វ​ដូច​មាត់​មែន​ ​ទឹក​ឥត​មាន​ជ្រាប​លេច​បន្ដិច​ឡើយ។​ ​ទឹក​ទាំង​ប៉ុន្មាន​ត្រូវ​បាន​នាយ​រោង​ដឹក​ជញ្ជូន​យក​ទៅ​ថ្វាយ​ព្រះ​ បទុមសូរ្យវង្ស​នៅ​ឯ​ព្រះ​មហានគរ ។​

ពញា​រោង​ ​កាល​អាយុ​១១​ឆ្នាំ បើ​តាម​ពង្សាវតារ​ ​របស់​ព្រះ​អង្គ​ម្ចាស់​នុព្វរតន៍​កូន​ព្រះបាទ​អង្គឌួង​នា​ឱកាស​អុំទូក​លេង​កំសាន្ដ​នៅ​ជិត​ផ្ទះ​ ​ធ្លាប់​ត្រូវ​បាន​ខ្សែទឹក​ហូរ​យ៉ាង​ខ្លាំង​ ​ទាញ​នាំ​ទូក​រក​អុំ​បញ្ច្រាស​ទឹក​ឡើង​ត្រលប់​មក​ផ្ទះ​វិញ​មិន​រួច។​ ​គ្រានោះ​ដោយ​អស់កំលាំងកំហែង​ ​ពញា​រោង​ក៏​ស្រែក​បញ្ជា​ឲ្យ​ទឹក​ហូរ​បញ្ច្រាស​ត្រលប់​ឡើង​លើ​វិញ​ ​ដើម្បី​នាំ​ទូក​ខ្លួន​យក​ទៅ​ដាក់​ឲ្យ​ដល់​ផ្ទះ។​ ​រំពេច​នោះ ទឹក​ក៏​ហូរ​បញ្ច្រាស​ឡើង​ទៅ​លើ​វិញ​មែន​ ​ហើយ​នាំ​ទូក​ពញា​រោង​ទៅ​ដល់​ផ្ទះ​ដូច​សេចក្ដី​ប្រាថ្នា​ ​យស់​ឃើញ​ភាព​អច្ឆរិយៈ​អស្ចារ្យ​ដូច្នេះ​ ​ពញា​រោង​ដឹង​ច្បាស់​ថា​ខ្លួន​មាន​ឫទ្ធានុភាព​មានបុណ្យ​បារមី​មាន​មាត់ទិព្វ​ ​ពី​ថ្ងៃ​នោះ​មក​ ​ពញា​រោង​ខំ​ចិញ្ចឹម​លាក់​អាថ៌​កំបាំង​នេះ​ជា​រៀង​រហូត។​

ចំណែក ​ព្រះបាទបទុមសុរិយវង្សដោយសារ​មាន​ព្រះ​នេត្រ​ទិព្វ​ ​ព្រះ​អង្គ​បានដឹង​បាន​យល់​នូវ​អស់​ព្រឹត្ដិការណ៍​ ​ព្រះ​អង្គ​បានដឹង​ថា​ ​អ្នកមាន​បុណ្យ​មាត់ទិព្វ​បាន​កើតឡើង​ហើយ​ ​ព្រះ​អង្គ​នឹកគិត​ឃើញ​ថា​ ​មិន​ងាយ​នឹង​ចាប់​ពញា​រោង​នេះ​ឡើយ។​ ​ព្រះ​អង្គ​កោះ​ប្រជុំ​អស់​នាម៉ឺន​មុខមន្ដ្រី​ ​ដើម្បី​ដោះស្រាយ​បញ្ហា​ដ៏​ធំ​នេះ។​ ​ព្រះ​អង្គ​យល់​ឃើញ​ថា​តទៅ​អនាគត​ ​ប្រទេស​សៀម​នឹង​មាន​ស្ដេច​មួយ​អង្គ​ ​ដែល​គេ​ពុំ​អាច​កំទេច​បាន​ឡើយ។​ ​ដូច្នេះ​គេ​ត្រូវ​តែ​ចាត់​ទុក​ស្រុក​សៀម​ដោយ​ឡែក​ ​ដោយ​មិន​ចាំ​នាំ​សួយសារអាករ​មក​ថ្វាយ​ស្ដេច​ស្រុក​ខ្មែរ​ដូច​សព្វ​ដងនោះ​ទៀត​ទេ។​

ទំនាស់ជាមួយស្ដេចខ្មែរ

[កែប្រែ]

បើ​យោល​ទៅ​តាម​ឯកសារ​ខ្លះ​ទៀត​ ​បុព្វហេតុ​ដែល​បណ្ដាល​ឲ្យ​ព្រះរាជា​ខឹង​ខ្ញាល់​ចេញ​បញ្ជា​ចាប់​ពញា​រោង​នោះ ​គឺ​មក​អំពី​នាយ​រោង​បាន​ប្រមាថ​មាក់ងាយ​ចេស្ដា​ព្រះ​អង្គ​ ​ដោយ​គ្មាន​ញញើតញញើម​ហ៊ាន​ចូល​មក​ឈរ​បង់​ជំទែង​កណ្ដាល​សាល​ជំនុំ​ ​ចំ​ពីមុខ​ព្រះ​ភ័ក្ត្រ​ព្រះ​អង្គ​ ​ពេល​ដែល​ចូល​មក​នាយ​រោង​បាន​បំបាំង​ខ្លួន​ ​មិន​ឲ្យ​នាម៉ឺន​មន្ត្រី​ពល​សេនា​ម្នាក់​មើលឃើញ​ឡើយ។​ ​មាន​តែ​ព្រះមហាក្សត្រ​ព្រះ​បទុមសូរ្យវង្ស​មួយ​អង្គ​គត់​ ដែល​យាង​ចូល​មក​ដល់​ទើប​មើលឃើញ។ ​អាកប្បកិរិយា​ព្រហើន​ច្រលោង​ខាម​នេះ​ ហើយ​ដែល​ធ្វើ​ឲ្យ​ព្រះ​អង្គ​ខ្ញាល់​​ចេញ​បញ្ជា​រក​ចាប់​នាយ​រោង។​ ​ឃើញច្បាស់​ជាក់​នឹង​ភ្នែក​ ​ថា​ព្រះមហាក្សត្រ​ខ្មែរ​មាន​មហិទ្ធិឫទ្ធិ​តេជៈ​បារមី​ ​មិន​អន់​ខ្សោយ​ដូចដែល​ខ្លួន​នឹក​ស្មាន​ ​ពញា​រោង​ក៏​រត់​ភៀសខ្លួន​បាត់​ស្រមោល​ទៅ។​ ​ឧកញ៉ា​មន្ដ្រី​ចៅពញា​តេជោតំឌិន​ត្រូវ​នាំ​ពល​សេនា​ចំនួន​៣០០​នាក់​ ​ជ្រែក​ដី​ទៅ​ចាប់​ពញា​រោង​នៅ​ឯ​ស្រុក​សុខោទ័យ។​ ​កងទ័ព​តេជោដាំដី​វិញ​ដេញ​តាម​ចាប់​ប្រកិត​ពីក្រោយ​ពញា​រោងរ​ត់ទៅ​ដល់​ស្រុក​ពីជិត​ ​ហើយ​ឡើង​កាត់​សំដៅ​ទៅ​តំបន់​ស្រុក​សុខោទ័យ​មក​ដល់ទី​នេះ​ ​ពញា​រោង​រត់​ចូល​ទៅពួន​លាក់ខ្លួន​ក្នុង​វត្ដ​ពុទ្ធថៃ​សុំ​លោក​ចៅអធិការ​សាង​ផ្នួស​បួស​ជា​សាមណេរ។​

រសៀល​ថ្ងៃមួយ នៅ​ពេល​ដែល​នេន​រោង​កំពុង​តែ​បោសសំអាតទីធ្លា​មុខ​ព្រះ​វិហារ​ ​ស្រាប់តែ​ចៅពញា​តេជោដាំដី​ជ្រែក​ដី​លេច​ចេញ​មក​ពាក់កណ្ដាល​ខ្លួន​ចំ​ពីមុខ​ តែ​ម្ដង​ ​ដោយ​មិន​បានដឹង​ថា​នេន​នេះ​ជា​ពញា​រោង​ ​តេជោដាំដី​ក៏​ទូល​សុំ​សួរ​លោក​រក​ពញា​រោង។​ ​នេន​រោង​ស្គាល់​ច្បាស់​ថា​គេ​មក​រក​ចាប់ខ្លួន​​បាន​មាន​ពុទ្ធ​ដីកា​ឆ្លើយ​តប​ទៅ​វិញ​ ​សូម​ឧបាសក​រង់ចាំ​នូវ​ទី​នេះ​សិន​ចុះ​ចាំ​អាត្មា​ទៅ​រក​ជូន​​ភ្លាម​នោះ​ដែរ​ ​រូបរាង​កាយ​តេជោដាំដី​ប្រែ​ទៅ​ជា​រឹង​បន្ដិចៗ​ម្ដង ​ហើយ​ក្លាយ​ទៅ​ជា​ថ្ម​រហូត​មក​ដល់​សព្វថ្ងៃ។​ ​មេទ័ព​ពល​សេនា​នៅ​សល់​ប៉ុន្មាន​ ​ដែល​ដើរ​តាម​ផ្លូវ​ជ្រែក​ដី​ដោយ​តេជោដាំដីបាន​នាំ​គ្នា​ដកថយ​ត្រលប់​ចូល​នគរ​ទៅ​រាយការណ៍​ថ្វាយ​ព្រះរាជា​តាម​ហេតុការណ៍។​

ក្រោយ ​ដែល​ស្ដេច​សៀម​នៅ​សុខោទ័យ​ចូល​ទិវង្គត​ ​នេន​រោង​បាន​ចាក​សិក្ខាបទ​ ​ហើយ​បាន​ឡើង​គ្រប់គ្រង​ស្រុក​សៀម​ពី​ពេល​នោះ​មក។​ ​ពញា​រោង​បាន​ប្ដូរ​ឈ្មោះ​មាន​ព្រះ​បរម​នាម​ជា​ព្រះមហាក្សត្រ​ថា​​ព្រះបាទ​ចន្ទ្រាធិបតី​ ​ស្ដេច​សៀម​ថ្មី​អង្គ​នេះ​ ​ដែល​គេ​និយម​ហៅ​តែ​ពញា​រោងៗ​ ​បាន​ប៉ុនប៉ង​ធ្វើ​គត់​ព្រះ​បទុមសូរ្យវង្ស​ ​ព្រះមហាក្សត្រ​ខ្មែរ​ចំនួន​ពីរ​លើក​ទៀត។

លើក​ទី​មួយ ពញា​រោង​បាន​ធ្វើ​ដំណើរ​លួច​មក​ស្រុក​ខ្មែរ​ ​ដោយ​មាន​នាំ​មក​ជាមួយ​នូវ​ពល​រេហ៍​ចំណានៗ​ ​និង​មាន​លាក់​ដាវ​ពីរ​ដាក់​ជាប់​ក្នុង​ខ្លួន​ផង​ ​មក​ដល់​ព្រះ​មហានគរ​ ​ពញា​រោង​បាន​នាំ​គ្នា​បន្លំ​ខ្លួន​ដើរ​សំដៅតំរង់​ចូល​ទៅ​ក្នុង​ព្រះ​បរមរាជវាំង។ ​ពេល​នោះ​​នាម៉ឺន​សព្វ​មុខមន្ដ្រី​ទាំងអស់​ទាំង​តូច​ទាំង​ធំ​ ​ទាំង​មនុស្ស​ទាំង​នាគ​ ​កំពុង​តែ​នាំ​គ្នា​មក​ប្រជុំ​ក្នុង​ព្រះ​បរមរាជវាំង​រង់ចាំ​ទទួល​គោរព​ ​និង​គាល់​ព្រះមហាក្សត្រ​ព្រះបាទ​បទុមសូរិយវង្ស​ ​ព្រះរាជា​យាង​គង់​លើ​បល្លង្ក​រាជ្យ​ ​ហើយ​ទ្រង់​ត្រាស់​មាន​បន្ទូល​ថា​ ​«តើ​មាន​មនុស្ស​ក្រៅ​ឯណា​ចូល​មក​ក្នុង​ទី​នេះ​ឬទេ?» នាម៉ឺន​សព្វ​មុខមន្ដ្រី​ទាំងអស់​ឆ្លើយ​តប​ទូល​ព្រម​គ្នា​ទៅ​វិញ​ថា​ ​គ្មាន​បាន​ឃើញ​មនុស្ស​ចំលែកឯណា​ទេ​ ​ព្រះរាជា​ក៏​មាន​បន្ទូល​តទៅ​ទៀត​យ៉ាង​ខ្លាំងៗ​ថា​ ​ជនជាតិ​សៀម​ឯង​ ​ដែល​មានចិត្ដ​ថ្លើមធំ​ចូល​មក​ដល់ទី​នេះ​តើ​ឯង​មាន​គោលបំណង​ដូច​ម្ដេច​ដែរ?

ពញា​រោង ដែល​អាង​ទៅ​លើ​មន្ដ​វិជ្ជាការ​សិល្ប៍​សាស្ដ្របំបាំង​ខ្លួន​ ​លុះ​ព្រះមហាក្សត្រ​ខ្មែរ​មើលឃើញ​​ដឹង​ស្គាល់​យល់​អំពើ​អស់​គ្រប់​សកម្មភាព​កាយវិការ​របស់​ខ្លួន​ ​ក៏​កើត​ភ័យ​ស្លន់ស្លោ​តក់ស្លុត​របូត​ដាវ​ទាំង​ពីរ​ធ្លាក់​ពី​ដៃ​ ​ពញា​រោង​ខំ​ប្រើ​មាត់ទិព្វ​ដែរ​ ​តែ​គ្មាន​ប្រសិទ្ធភាព​ ​ប្រើ​មិនកើត។​ ​គ្រានោះ​ ​ពញា​រោង​ដឹង​ច្បាស់​ណាស់​ថា​មហិទ្ធិឫទ្ធិ​តេជៈ​របស់​ខ្លួន​មិន​អាច​នឹង​យកជ័យ​ជំនះ​លើ​ព្រះ​បទុមសុរិយវង្ស​បាន​ឡើយ​ ​ភ្លាម​នោះ​ដែរ​ ​ព្រះមហាក្សត្រ​យាងចុះ​ពីលើ​រាជបល្លង្ក​​ដក​ដាវ​ដើរ​សំដៅ​ទៅ​រក​ប្រហារជីវិត​ពញា​រោង​ ​ពញា​រោង​ដឹង​ថា​ខ្លួន​អស់​ផ្លូវ​អស់​ច្រកចេញ​ ​ក៏​លុតជង្គង់​គ្រឹប​ក្រាបថ្វាយបង្គំ​សុំ​ខមាទាន​ទោស​ព្រះ​បទុមសុរិយវង្ស​ ​ព្រះ​អង្គ​យល់ព្រម​លើក​លែង​ទោស​​ឲ្យ​រួច​រស់រាន​មានជីវិត​ដោយ​ព្រមទាំង​មាន​បន្ទូល​ថា​ «មិន​ពិតប្រាកដ​ច្បាស់​ជាមហិទ្ធិឫទ្ធិ​ឯង​ខ្លាំងពូកែ​នោះ​ទេ​!»។

បន្ទាប់មក​ ​ពញា​រោង​ក៏​ក្រាប​ថ្វាយបង្គំ​លា​ព្រះមហាក្សត្រ​ខ្មែរ​ដើម្បី​វិល​ត្រលប់​ទៅ​ស្រុក​សៀម​វិញ​ ​ប៉ុន្ដែ​ក្នុង​ចិត្ដ​ពញា​រោង​មិន​ដែល​ព្រម​ដា��់ខ្លួន​ចុះចាញ់​ស្ដេច​ខ្មែរ​ឡើយ​ ​ពញា​រោង​គុំ​ទុក​ជាប់​ក្នុង​ក្រឳបេះដូង​ថា​ថ្ងៃ​ល្អ​ណាមួយ​នឹង​ធ្វើឃាត​សំលាប់​ស្ដេច​ខ្មែរ​ដណ្ដើម​យក​រាជសម្បត្ដិ​ឲ្យ​ទាស់​តែ​បាន។​

លើ​ទី​២​ ​ឆ្លៀត​ឱកាស​ល្អ​ពញា​រោង​បាន​រៀ​បចំ​ខ្លួន​ ​និង​ក្រុម​បក្សពួក​ធ្វើ​ដំណើរ​ចូល​មក​មហានគរ​​ក្នុង​គោលបំណង​លួច​ប្រហារជីវិត​ស្ដេច​ខ្មែរ​ ​ថ្ងៃ​នោះ ព្រះ​បទុមសុរិយវង្ស​ដោយ​មាន​ព្រះ​ខ័ន​ជាប់​នឹង​ខ្លួន​​បាន​យាងចុះ​មក​ក្រសាល​លេង​នៅ​ទីធ្លា​ក្នុង​បរមរាជវាំង។​ ​ពញា​រោង​ ​ដែល​អាង​ទៅ​លើ​មហិទ្ធិឫទ្ធិ​ខ្លាំងពូកែ​របស់​ខ្លួន​ ​ជិះ​លើ​ដំរីសារ​មួយ​យ៉ាង​ធំ​ បំបាំង​ខ្លួន​ហើយ​បំបោល​ដំរី​នោះ​លឿន​ស្លេវ​សំដៅ​ចូល​ទៅ​ក្នុង​វាំង​ ​ដើម្បី​ជាន់ឈ្លី​សំលាប់​ព្រះមហាក្សត្រ​​នៅ​ចំពោះ​មុខ​ហេតុភេទ​ដូច្នេះ គ្មាន​នាម៉ឺន​មន្ដ្រី​ពល​សេនា​ណា​ម្នាក់​មើលឃើញ​ពញា​រោង​ឡើយ។​ ​តែ​ព្រះ​បទុមសូរ្យវង្ស​ដែល​មាន​ភ្នែក​ទិព្វ​​បាន​ក្រឡេក​មើលឃើញ​ទាន់​ ​ព្រះ​អង្គ​ខឹង​ខ្ញាល់​ខ្លាំង​ណាស់​ហើយ​ស្រែ​កសន្ធាប់​ថា​ ​«អា​សៀម​នេះ​ ​វា​ប្រមាថ​មាក់ងាយ​យើង​ជ្រុល​ពេក​ហើយ​! វា​គិត​អាង​មហិទ្ធិឫទ្ធិ​របស់​វា​ខ្លាំងពូកែ​ម្ដងនេះ​ ​យើង​លែង​អត់ឱន​លើកទោស​ឲ្យ​ទៀត​ហើយ​!»។

ពញា​រោង​ខំ​បំបោល​ដំរី​ឲ្យ​សំរុក​រឹង​រឹត​តែ​លឿន​ឡើង​ទៅ​ជាន់​សំលាប់​ព្រះមហាក្សត្រ​ខ្មែរ​ ​ក៏​ប៉ុន្តែ​មក​ដល់​មុខ​ព្រះ​បទុមសុរិយវង្ស​កាលណា​ដំរី​នោះ​ទប់​ជើង​ឈប់​ងក់​ហើយ​បែរជា​លុតជង្គង់​ថ្វាយបង្គំ​សំពះ​ព្រះ​អង្គ​ទៅ​វិញ​​ដោយ​មិន​បាន​សំរេច​ជោគជ័យ​ដូចដែល​ប៉ង​ ​ពញា​រោង​ភ័យ​ណាស់​លោត​ចុះ​ពីលើ​ខ្នង​ដំរី​​មក​ក្រាបថ្វាយបង្គំ​ព្រះមហាក្សត្រ​ខ្មែរ​សុំ​ឲ្យ​ព្រះ​អង្គ​លើកលែងទោស​ពៃ​​ឲ្យ​រួច​រស់រាន​មានជីវិត​បន្ដ​ទៅ​ទៀត។​ ​ពញា​រោង​ប្រកាស​ជា​ឧឡារិក​ថា​ ​អំណឹះ​តទៅ​លែង​ហ៊ាន​ប្រមាថកាតទាន​លើ​រូប​ព្រះ​អង្គ​ទៀត​ហើយ​ ​ព្រះ​បទុមសុរិយវង្ស​ ​ដែល​ដឹង​អំពី​ប្រវត្ដិ​ពញា​រោង​មាន​ជាប់​សាច់ឈាម​ជា​បងប្អូន​បង្កើត​ ​ព្រះ​អង្គ​ក៏​សុខចិត្ដ​សន្ដោស​ប្រោសប្រណី​លើកលែងទោស​ ​ហើយ​ថែម​ទាំង​កាត់​ផ្ដាច់​ទឹកដី​មួយ​ចំណែក​ប្រគល់​ឲ្យ​ទៀត។​

ក្នុងសម័យ​នោះ​ ​ព្រំប្រទល់​ដែនទឹក​ដី​ខ្មែរ​នៅ​ទិស​ខាងលិច​​ត្រូវ​ថយ​រួញ​មក​នៅ​ត្រឹម​​បស្ចិម​បុរី​ (បឝ្ចិមបុរ) ​ដែល​សព្វថ្ងៃ​សៀម​ដាក់​ឈ្មោះ​ថា​ ​ប្រជិនបុរី​ ​ឬ​ខេត្ដ​ខាងកើត​ ​និង​ខាងជើង​ត្រឹម​នគររាជ​សីមា​ ​ដែល​សៀម​កាឡៃ​ប្ដូរ​ឈ្មោះ​ដាក់​ជា​ ​កូរ៉ាត (គោរាជ)​ ​ជាមួយ​គ្នា​នេះ​ដែរ​ ​ព្រះ​បទុមសុរិយវង្ស​បាន​ដាក់​កំណត់​លក្ខខណ្ឌ​ឲ្យ​គ្រប់​ស្ដេច​សៀម​ត្រូវ​តែនាំ​ផ្កា​មាស​មក​ថ្វាយ​ព្រះមហាក្សត្រ​ខ្មែរ​ក្នុង​មួយ​ឆ្នាំ​ម្ដង​ ​បន្ទាប់​មក​ពញា​រោង​ក្រាប​ថ្វាយបង្គំ​ព្រះរាជា​សុំ​អនុញ្ញាត​វិល​ត្រលប់​ទៅសុខោទ័យ​វិញ។​ ​ពញា​រោង​បាន​ទស្សទ៍​ទាយ​ ​ដាក់​ទំនាយ​ស្រុក​ខ្មែរ​ថា​ ​នឹង​រលត់​រលាយ​វិនាស​ខ្ចាត់ខ្ចាយ​ ​នៅ​ថ្ងៃ​ដែល​រូបសំណាក​ចៅពញា​តេជោដាំដី​ត្រូវ​បាក់បែក​ខ្ទេចខ្ទី​អស់។ ​

ឯកសារយោង

[កែប្រែ]
  1. (1921). "The Origins of the Sukhodaya Dynasty". Journal of the Siam Society 14.1. Retrieved on March 17, 2013.

អំណានបន្ថែម

[កែប្រែ]
ស្រីឥន្ទ្រាទិត្យ
ប្រសូត/កើត:  ? សុគត/ស្លាប់: ១២៧០
គោរម្យងារសំរាប់រាជ្យ
មុនដោយ
ផាមឿង
ក្សត្រនៃសុខោទ័យ
១២៣៨–១២៧០
តដោយ
បានមឿង