ប្រេត
សង្ខេប
[កែប្រែ]ប្រេត អានថា ប្រែត តាមសំនៀងខ្មែរ គឺជាពាក្យខ្ចីមកពីភាសាសំស្ក្រឹត ចំណែកពាក្យខ្ចីមកពីភាសាបាលីវិញ ហៅថា "បេត" អានថា ប៉េតៈ ។ អត្ថន័យដើមរបស់ពាក្យ ប្រេត គឺជា មនុស្សស្លាប់ ឬ ព្រលឹងខ្មោច ។ នៅក្នុងវចនានុក្រមខ្មែរ ប្រេត ប្រែថា សត្វកើតក្នុងអបាយភូមិពួកមួយ ឧទាហរណ៍ ពួកប្រេត ។ បើប្រើជាគុណនាមវិញ ប្រេត មានន័យថា (អ្នក) ដែលធ្វើមរណកាលទៅកាន់បរលោកហើយ ។ ក្រោយមកពុទ្ធសាសនាមហាយានបានជ្រាបទៅដល់ប្រទេសចិន ជនជាតិចិនបានបកប្រែពាក្យ ប្រេត ពីភាសាសំស្ក្រឹតទៅជាភាសាចិនថា "អេគុយ" (egui) ដែលមានន័យផ្សេងថា "ខ្មោចស្រេកឃ្លាន" ដែលជាប់អត្ថន័យនៅក្នុងគម្ពីរព្រះត្រៃបិដក និង ផ្នត់គំនិតខ្មែរ និង សាសន៍ផ្សេងៗទៀតដែលកាន់ពុទ្ធសាសនានិកាយថេរវាទ រហូតមកដល់សព្វថ្ងៃ ។ ទស្សនៈអំពីខ្មោច ឬ ព្រលឹង នៅក្នុងវប្បធម៌របស់ជនជាតិឥណ្ឌា និង ជនជាតិចិនដូចគ្នា ។ ដូច្នេះការបកប្រែភាសា និង ការបង្រៀនទ្រឹស្តីពុទ្ធសាសនាក៏មានការប្រែប្រួល ដែលនាំឲ្យកើតមានទស្សនៈថ្មីស្រឡាងនៅជំនាន់ក្រោយៗទៀត ។
តាមន័យនៅក្នុងគម្ពីរបេតវត្ថុ នៃគម្ពីរព្រះត្រៃបិដករបស់ពុទ្ធសាសនានិកាយថេរវាទ ពាក្យថា ប្រេត គឺជា បុថុជ្ជន ឬ ជនសាមញ្ញ ដែលស្លាប់រួចបានកើតជាសត្វក្នុងអបាយភូមិ ពោលគឺអបាយភូមិបេតវិស័យ ដោយសារតែពួកគេបានប្រពឹត្តអកុសលកម្មផ្សេងៗកាលពីនៅជាមនុស្ស ។ បើពិចារណាតាមលក្ខណៈវិទ្យាសាស្ត្រ មនុស្សស្លាប់គ្មានបន្សល់អ្វីជាគ្រឿងសម្រាប់ចងចាំទេ ។ ទោះបីសាច់ញាតិយកសាកសពទៅដុតកំទេចចោល យកទៅកប់ក្នុងដី បោះចោលក្នុងទឹកសមុទ្រឬទន្លេ ឬកាត់ចិញ្ច្រាំឲ្យត្មាតស៊ីក៏ដោយ ក៏សាកសពនោះគ្មានអ្វីសល់សេចក្តីចងចាំឬព្រលឹងវិញ្ញាណអ្វីឡើយ ។ បើញាតិកប់ខ្មោចក្នុងដី សាច់រាងកាយនឹងផុយរលួយមុនគេ ក្រោយមកឆ្អឹងក៏នឹងរលាយទៅជាដីបាត់នៅថ្ងៃណាមួយជាប្រាកដ ។ តើខ្មោចនោះមានអ្វីសេសសល់ដែលអាចរក្សាការចងចាំថា បុគ្គលនេះជាសាច់ញាតិរបស់ខ្លួន ឬ មានការឈឺចាប់ ស្រេកឃ្លាន ឬ ខឹងសម្បារនោះ ? សូម្បីមនុស្សនៅរស់ក៏មានបញ្ហាលំបាកចងចាំទៅហើយ រហូតមានជម្ងឺមួយចំនួនដែលធ្វើឲ្យអ្នកជម្ងឺបាត់បង់ការចងចាំទាំងស្រុងក៏មាន ចុះទម្រាំខ្មោចផុយរលួយខួរក្បាលគ្មានសល់ តើឲ្យវាចាំអ្វីបាន ។
ជំនឿដែលត្រឹមត្រូវមួយចំនួនត្រូវបានមនុស្សខ្លះខំផ្សារភ្ជាប់ទៅនឹងពុទ្ធសាសនានិកាយថេរវាទគឺមិនមែនចាប់បង្ខំឲ្យមនុស្សល្ងិតល្ងង់ជឿកាន់យក និង បន្តអនុវត្តរហូតមកដល់បច្ចុប្បន្ននោះទេ គឺមានហេតុផលច្បាល់លាស់ ។ ជំនឿដែលមានភាពប្រាកដនិយមទាំងនោះបានបន្លាចថាជនណាដែលបានប្រព្រឹត្តអកុសលកម្ម ដូចជាការសម្លាប់សត្វ, ការលួចទ្រព្យគេ, ការប្រព្រឹត្តខុសក្នុងកាម, ការភូតកុហក និង ការផឹកសុរាមេរ័យ ពេលស្លាប់នឹងទៅកើតក្នុងភពនរក តិរច្ឆាន ប្រេត ឬ អសុរកាយ ។ ពួកគេថែមទាំងបំភ័យថា ទោះមនុស្សក្រុមខាងលើនេះបានកើតជាមនុស្ស ក៏ដោយ ក៏បានត្រឹមតែជាមនុស្សប្រកបដោយទុក្ខវេទនាជាខ្លាំង ។ អ្នកសិក្សាស្រាវជ្រាវខាងសាសនានានានៅលើពិភពលោកបានរិះគន់យ៉ាងខ្លាំងទៅលើការបង្រៀនសេចក្តីជំនឿមានប្រាកដនិយមបែបនេះ ព្រោះថាការបង្រៀនបែបនេះគឺជាវិធីបង្រៀនដែលគ្មានមូលដ្ឋានច្បាស់លាស់តាមបែបវិទ្យាសាស្ត្រ (ឧទាហរណ៍ ចិត្តវិទ្យា) ដើម្បីឲ្យមនុស្សរៀនធ្វើអំពើល្អប្រកបដោយចិត្តមេត្តា និង ករុណា ។
ក្រុមមនុស្សខ្លះបកស្រាយថា ប្រេតមានច្រើនប្រភេទ ពួកខ្លះមានឫទ្ធិអំណាច អាចបង្ហាញជារូបរាងឥដ្ឋារម្មណ៍ និងអនិដ្ឋារម្មណ៍បាន។ ប្រេតពួកខ្លះ ពេលយប់ជាទេវតា សោយសុខសម្បត្តិក្នុងវិមាន ពេលថ្ងៃជាប្រេត សោយទុក្ខវេទនា ។ ប្រេតពួកខ្លះអត់ឃ្លាន មានមាត់ប៉ុនម្ជុល, ពួកខ្លះត្រូវស៊ីរបស់បដិកូល(របស់មិនស្អាត) ដូចជាសាកសពសត្វជាដើម ។ ប្រេតប្រភេទផ្សេងទៀតគ្មានអាហារស៊ីរហូតអស់ពុទ្ធន្តរ (រយៈពេលចន្លោះការត្រាស់ដឹងនៃព្រះពុទ្ធមួយអង្គទៅមួយអង្គទៀត) ។ ជំនឿដ៏គួរឲ្យអស់សំណើចទាំងនោះបន្តបកស្រាយថា ប្រេតភាគមានច្រើនមិនអាចទទួលបានអាហារដែលញាតិឧទ្ទិសជូននោះទេ មានតែប្រេតប្រភេទ បរទត្តូបជីវកប្រេត ទើបអាចទទួលបាន ។ ចុះបើប្រេតមួយចំនួនធំមិនអាច���ទួលអាហារឬបុណ្យដែលញាតិឧទ្ទិសជូននោះបានផង តើញាតិសារលោហិតខំប្រឹងបន្តធ្វើបុណ្យឧទ្ទិសកុសលទៅប្រេតទាំងនោះនៅពេលបុណ្យភ្ជុំបិណ្ឌធ្វើអ្វី ? គឺដើម្បីញុំាងសាមគ្គីធម៌ផងនឹង រក្សាប្រពៃណីផង និងជាការរលឹងដល់អ្នកមានគុណផង។
ទោះបីពុទ្ធសាសនិកជនខ្លះនៅតែជឿថាមានប្រេត មានស្ថាននរក ឬ ស្ថានសួគ៌ ក៏តាមការសិក្សាប្រៀបធៀបអក្សរសិល្ប៍ និង ជីវភាពមនុស្សនៅក្នុងសង្គមឥណ្ឌា បានបង្ហាញថា ប្រេតគឺជាតួអង្គតំណាងប្រជារាស្ត្រក្រីក្រ ឬមនុស្សនៅក្នុងក្រុមចណ្ឌាល (ក្រៅវណ្ណៈ) ដែលទទួលរងការជិះជាន់ មើលងាយមើលថោក កេងប្រវ័ញ្ច គាបសង្កត់ បំបិតសិទ្ធិសេរីភាព ទារុណកម្ម ពីសំណាក់មនុស្សនៅក្នុងវណ្ណៈព្រាហ្មណ៍ និង វណ្ណៈក្សត្រ ដែលជាក្រុមមនុស្សមានអំណាច និង អ្នកដឹកនាំប្រទេស ។ សម័យបច្ចុប្បន្ន នៅប្រទេសឥណ្ឌា និង នៅប្រទេសជាច្រើនទៀតដែលគ្មានការដឹកនាំតាមលទ្ធិប្រជាធិបតេយ្យ រាប់ទាំងប្រទេសខ្មែរផងដែរ អំពើថោកទាបរបស់មនុស្សនៃវណ្ណៈព្រាហ្មណ៍ និង វណ្ណៈក្សត្រ (ពួកអ្នកចេះដឹង និង អ្នកមានទ្រព្យដែលគ្មានគុណធម៌ រួមទាំងអ្នកដឹកនាំប្រទេស) បន្តប្រព្រឹត្តអំពើអានាចារ្យ គាបសង្កត់ បោកប្រាស់រាស្ត្រក្រីក្រ តាមគ្រប់រូបភាព រាប់តាំងពីការបំបិតសិទ្ធិប្រជារាស្ត្រមិនឲ្យមានការធ្វើបាតុកម្មប្រឆាំង អំពើលួចប្លន់ទ្រព្យសម្បត្តិរាស្ត្រ និង ការបំបិតសិទ្ធិទទួលបានព័ត៌មានត្រឹមត្រូវ ។
ប្រភេទប្រេត
[កែប្រែ]ក្នុងសំយុត្តនិកាយនិទានវគ្គ ប្រេតមាន ១២ ពួក ។ យោងតាមជំនឿនិងការរៀបរាប់ តំណាលតៗមក ការតាំងឈ្មោះប្រេតទាំងនោះ គឺអាស្រ័យមកពីអំពើបាបកម្ម ដែលខ្លួនបានសាងពីជាតិមុនមក ។ ម្យ៉ាងវិញទៀតប្រេតខ្លះ ក៏មានរូបសញ្ញាផ្ទាល់របស់ខ្លួនដែរ ។
បើតាមគម្ពីព្រះពុទ្ធសាសនាបានចែងថា មនុស្សដែលស្លាប់ទៅតែងទៅកើតទីផ្សេងៗតាមកម្មរបស់ខ្លួន។ មនុស្សចិត្ដអាក្រក់ ដែលបានធ្វើបាបកម្មផ្សេងៗ លុះស្លាប់ទៅតែងតែកើតជាប្រេត ៤ ប្រភេទ គឺ ប្រេតដែលចិញ្ចឹមជីវិតដោយខ្ទុះឈាម (សត្ថង្គប្រេត), ប្រេតស្រេកឃ្លានអាហារជានិច្ច (បព្វតង្គប្រេត), ប្រេតដែលភ្លើងឆេះជានិច្ច (អគ្គិជាលមុខប្រេត) និង ប្រេតដែលចិញ្ចឹមជីវិតដោយផលដែលបុគ្គលដទៃឧទ្ទិសទៅឱ្យ ។ [១]
ប្រភេទទី ១. វន្តាសប្រេត
[កែប្រែ]វន្តាសប្រេត គឺប្រេតស៊ីរបស់ដែលគេខ្ជាក់ចេញហើយ ។ ក្នុងតម្រាខ្មែរ ប្រេតនេះមានភ្នែកក្រលួង មានមុខក្រញូវ ដុះរោមច្រើនសម្រ៉ូវ មាត់រៀចកំប៉ូវ ខ្នងកោងកំពួរ សក់រួញក្រញង់ ដោះប៉ោង ខ្លួនធំក្លិនខ្មួរ ដៃជើងក្រញង់ ធ្មេញដុះខុសជួរ មានរូបរាងខ្ពស់ជង្គ្រោង ស្គមដូចកុកគ្រោង ដំបៅពេញកាយ រាប់រយលានឆ្នាំមិនដែលស្គាល់បាយ ស៊ីតែកំហាក ដែលស្តោះចេញពីមាត់គេ ។ ចំពោះប្រេតទាំងនេះ មកពីមិនបានធ្វើបុណ្យដោយចិត្តជ្រះថ្លា ស្តោះដាក់អាហារឲអ្នកមានសីលខ្ពស់ ។
ប្រភេទទី ២. កុណបាសប្រេត
[កែប្រែ]កុណបាសប្រេត (ឬកុណបា) ប្រេតដែលស៊ីសាកសព ។ ក្នុងតម្រាខ្មែរ ប្រេតនេះមានពោះធ្លាក់ត្រយោកមុខខ្លីកំប៉ុក ភ្នែកប៉ុនត្រឡោក ចង្កាយាស្ពោក ធ្មេញធំប៉ុនដប សក់វែងអូសដី ចម្រុះខើចខ្លី កស្តួចដូចដប ក្បាលធំជាងខ្លួនមិនសមប្រកប ។ ធុំក្លិនស្អុយអសោច ស៊ីតែសពខ្មោច ។ ប្រេតនេះអត់បាយរាប់កោដិឆ្នាំ ស៊ីតែខ្ទុះឈាមនៃសាកសពខ្មោច ឥតបានប្រយោជន៍ទេ បើស៊ីណាស់ កាន់តែឃ្លានណាស់ ព្រោះមានផលកម្មចាស់ដែលខ្លួនបានសាងឡើង ។
ប្រភេទទី ៣. គូថខាទកប្រេត
[កែប្រែ]គូថខាទកប្រេត (ឬគូថៈ) ប្រេតដែលស៊ីឧច្ចារៈ(លាមក)។ ក្នុងតម្រាខ្មែរ ប្រេតនេះមានភ្នែករិលទទឹង មាត់ខើចសំញេញ ដុះរោមជិតឈឹង ច្រមុះត្រង់ភ្លឹង កខ្លីដូចហ៊ីង ។ ក្បាលធំក្រមាង សក់ដុះខាងៗ កណ្តាលរលីង តចៀកកំប៉ិត ពោះធំកំភ្លឹង រូបរាងស្គមកំព្រឹង ស៊ីតែលាមក ក្លិនស្អុយខ្មោះៗ សាច់ស្រែងកក្រោះ ដៃជើងធំស្ចក់ ខំដើរស្កាត់រកគំនរលាមកមកធ្វើចំណី ។ ចំពោះប្រេតនេះ គឺរស់នៅរបៀបនេះរាប់រយកោដិឆ្នាំ រស់ដោយផលកម្ម គឺពៀរវេរាពីជាតិមុន ជាជនពាលអត់មានសទ្ធា កោងកាចអប្រិយ ។
ប្រភេទទី ៤. អគ្គិជាលមុខប្រេត
[កែប្រែ]អគ្គិជាលមុខប្រេត ប្រេតដែលមានភ្លើងនៅក្នុងមាត់ ។ ក្នុងតម្រាខ្មែរ ប្រេតនេះហៅថា អគ្គិជាល មានភ្លើងឆេះរោលរាលពេញខ្លួនប្រាណ ភ្នែកហើមលៀន ភ្លើងឆេះរន្ធមាត់ មានដំបៅខ្លាំង ស្រែកយំ គគ្រក់ ហុយផ្សែងព័ន្ធព័ទ្ធសាច់ស្បែកឡើងរលួយ ភ្លើងឆេះទាំងយប់ទាំងថ្ងៃ ។ ពួកប្រេតនេះគឺចង្រៃ ព្រោះមានកម្មសាងពីជាតិមុន គឺជាមនុស្សប៉ោឡែ លេងនឹងព្រះសង្ឃបញ្ឆោតលេងសប្បាយ ។ ប្រេតនេះច្រើនតែរស់នៅដងព្រៃជ្រៅញកបព្វតា ក្បែរមាត់សមុទ្រ លើដុំសិលា ស្រេកឃ្លានអាហារ ស្រេកទឹកពុំអាចស៊ីចំណីបាន ។
ប្រភេទទី ៥. សូចិមុខប្រេត
[កែប្រែ]សូចិមុខប្រេត ប្រេតដែលមានមាត់ប៉ុនម្ជុល។ ក្នុងតម្រាខ្មែរ មានចែងថា ប្រេតឈ្មោះ សុចិ មុខមាត់ស្រួចដូចម្ជុល ក្បាលធំត្រមែង រន្ធមាត់ប៉ុនរន្ធក្តិតម្ជុល ដៃជើងធំបែក រាងទុលមុលធំប៉ុនភ្នំ ភ្នែកលៀនក្រឡោក ក្រចកដៃសោតស្រែងស៊ីសុះដុំ ដុះវែងក្រាសចោទដូចជើងភ្នំ សក់ក្បាលពុកមាត់ពុកចង្កាដុះដូចព្រឹក្សា ។ ពួកប្រេតនេះ ច្រើនរស់នៅបព្វតាព្រៃជ្រៅ ភ្នំគិជ្ឈកូដ ហើយប្រេតនេះស្រេកឃ្លានអាហារចាក់ទឹកមិនចូល ញាត់បាយមិនទៅ ចេះតែរស់នៅដោយផលកម្មដែលខ្លួនបានសាង ។ កាលពីជាតិមុនមិនបានធ្វើបុណ្យ មានទ្រព្យច្រើនតែចិត្តកំណាញ់ មិនដាក់ទានឲ្យអ្នកក្រខ្សត់ សូម្បីតែមាតាបិតា ក៏មិនឲ្យលោកពិសាគ្រប់ដែរ ។
ប្រភេទទី ៦. តណ្ហដ្តិតប្រេត
[កែប្រែ]តណ្ហដ្តិតប្រេត ប្រេតដែលត្រូវសេចក្តីលំបាកបៀតបៀន ។ ក្នុងតម្រាខ្មែរហៅជា កណ្ហជិ គឺប្រេតមានរូបរាងធំខ្ពស់ពេញចិត្ត ដៃជើងធំៗ ខ្លួនធំដូចយក្សសាច់ពព្លាក់ពពាល ឡើងចាង កវែង ក្បាលផ្អៀង ភ្នែកស្រលៀង ច្រមុះធំខ្លី រោមដុះស្រមាង ដៃជើងក្រញាង ធ្មេញសំញេញ បបូរមាត់ស្ពែះ យាធ្លាក់សំយែះ ពោះប៉ោងក្រអាញ ធំវែងដូចភ្នំ សាច់ស្បែកស្ពោតសាញ ដុះស្លែស្រមាញ ។ ប្រេតនេះច្រើនរស់នៅក្នុងព្រៃជ្រៅដាច់ពីគេឯង ហើយស្រេកឃ្លានអាហារ ព្រោះស៊ីមិនបាន ស្រេកទឹកខ្លាំងណាស់ ឃើញបឹងស្រះស្ទុះទៅរក ប៉ុន្តែបានប្រែក្លាយទៅជាគ្រួសថ្មទៅវិញ ។
ប្រភេទទី ៧. សុនិជ្ឈាមកប្រេត
[កែប្រែ]សុនិជ្ឈាមកប្រេត ប្រេតដែលត្រូវឆេះខ្មៅដូចគល់ឈើ ។ ក្នុងតម្រាខ្មែរហៅជា និជ្ឍា មានរូបរាងកាយគ្រាំគ្រាគ្មានពេលស្បើយទេ ប្រេតនេះគឺមានកម្មក្រាសណាស់ បើមានចំណីគឺពុំអាចស៊ីបានទេ គឺមាត់ដុះកន្ទុយ ចំពោះរូបរាងវិញគឺរូបរាងអាក្រក់ ពោះប៉ោងកំប៉ិត ផ្ចិតទុលលៀន ស្អុយ ច្រមុះកញ្ឆាត ភ្នែកដូចទីទុយ ដុះរោមច្រើន មាត់ស្អុយខ្មូរខ្មោះ សាច់ខ្មៅក្រងិត រាងខ្ពស់ស្គមស្វិត ដៃជើងក្រោះ ម្រាមដៃដុះចង្កា ។ ត្រចៀកបាក់ធ្លាក់យាដាបដល់ស្មា សក់ក្បាលវែងស្កា អាក្រក់ពេកក្រៃ ។ ប្រេតនេះច្រើនរស់នៅក្នុងព្រៃជ្រៅឆ្ងាយដាច់ពីគេ ឬនៅលើកោះតែម្នាក់ឯង ព្រោះខ្លួនចង្រៃប្រព្រឹត្តតក់ម៉ក់ពេលឃើញ សាមណៈ ឬ ស្មូមយាចក ប្រើពាក្យអាក្រក់ជេរស្តីឲ្យលោក និយាយពាក្យចាក់ដោតឡកឡឺយ បញ្ឆោតអ្នកមានសីលឲ្យអាប់កិត្តិយស ។
ប្រភេទទី ៨. សត្ថង្គប្រេត
[កែប្រែ]សត្ថង្គប្រេត ប្រេតមានក្រចកដូចកាំបិត ។ ក្នុងតម្រាខ្មែរហៅជា សព្វង្កា មានដំបៅពេញរាងកាយក្នុងសាច់សុទ្ធតែពងរុយ មានខ្ទុះពាសពេញខ្លួនប្រាណ ក្លិនស្អុយគគ្រុក ភ្នែកធំលៀន ច្រមុះធំវែង ពោះធ្លាក់ទ្រយុក ស្រែកថ្ងូររងទុក្ខ ដោយមានសេចក្តីស្រេកឃ្លាន ខំយកដៃខ្វារពាសពេញប្រាណ ក្រចកវែងមុត ខ្វេះហែកសាច់បានគឺសាច់ខ្លួនឯង យកមកស៊ីជាអាហារ ប៉ុន្តែបើស៊ីណាស់ រឹតតែឃ្លាន ព្រោះវាមានកម្មក្រាសណាស់ ។ នៅក្នុងព្រៃជៅលើកោះ ក៏មានច្រើនណាស់ គគោករាប់ម៉ឺនសែនលាន កាលពីជាតិមុនអត់បានធ្វើបុណ្យ មានចិត្តកាច។ ប្រេតនេះច្រើនរស់នៅ ឫស្យា ហាមប្រកែកជាមួយម៉ែឪ ព្រមទាំងវាយគាត់ ប្រើពាក្យប្រមាថជីដូនជីតា ឬ ញាតិសន្តាន បំភ្លេចគុណគេបែរជាឲ្យទោសគេទៅវិញ ។
ប្រភេទទី ៩. បព្វតង្គប្រេត
[កែប្រែ]បព្វតង្គប្រេត ប្រេតមានកាយដូចភ្នំ ។ ក្នុងតម្រាខ្មែរហៅជា បព្វង្កា មានដៃខ្លីជើងខ្លី ខ្លួនវែងជ្រងក់ ធំខ្ពស់ ដូចភ្នំ ក្បាលតូច កខ្លី សាច់រឹងដូចដំរី ចំពោះខ្លួនប្រាណវិញ គឺមានភ្លើងឆេះរងំ ឆេះទាំងយប់ទាំងថ្ងៃ ដូចភ្លើងឆេះភ្នំ ស្រេកឃ្លានអាហាររាប់កោដិឆ្នាំ ឃ្លានឥតមានស្រាក តែមិនស្លាប់ ព្រោះបានធ្វើបាបកម្មច្រើននិងទ្រាំរស់នៅបែបបនេះរាប់រយឆ្នាំទៀត លុះអស់កម្មពៀរ ។ ប្រេតនេះច្រើនរស់នៅក្នុងដងព្រៃជ្រៅ នាហេមពាន្តភ្នំគិជ្ឈកូដ កាលពីជាតិមុនគឺមនុស្សទុរជន មានចិត្តរឹងរូស ចងគំនុំ ឈ្លោះប្រកែកនិងតាមព្យាបាទគេឯង ឥតកោតក្រែងអំពើអាក្រក់ដែលខ្លួនបានសាង ។
ប្រភេទទី ១០. អជគរង្គប្រេត
[កែប្រែ]អជគរង្គប្រេត ប្រេតមានកាយដូចពស់ថ្លាន់ ។ ក្នុងតម្រាខ្មែរហៅជា អជតរៈ មានក្បាលច្រើនប្រភេទដូចជាពស់ថ្លាន់ សត្វខ្លា ជាឆ្មា គោ ក្របី ប្រេតនេះចម្លែកមានរូបរាងប្លែកខុសប្រក្រតី ខ្លួនជាពស់ថ្លាន់ ធំវៀនលើដី ធំវែងដូចភ្នំ ។ ភ្លើងឆេះព័ទ្ធរុំទាំងយប់ទាំងថ្ងៃ ស្រេកឃ្លានអាហារគ្រប់ពេលវេលា ចេះតែថ្ងូរស្រែក ទុក្ខខ្លាំងពេកក្រៃ ។ ប្រេតនេះច្រើនរស់នៅក្នុងព្រៃជ្រៅ ឬ បុព្វតា ក្បែរសមុទ្រ លើដុំសិលា ។ ប្រេតនេះពីជាតិមុនមិនបានធ្វើបុណ្យ ប្រព្រឹត្តប៉ោឡែ មិនខ្លាចម៉ែ ឪ ជីដូន ជីតា ជេរអ្នកមានគុណថាឆ្កែជាឆ្មា ។ ចំពោះព្រះសង្ឃក៏មិនខ្លាច ប្រើពាក្យប្រមាថទៅទៀត ទើបធ្វើឲ្យប្រេតនេះ មានក្បាលច្រើនបែបនេះឯង មានភ��លើងគ្រប់ពេលវេលាបែបនេះ ។
ប្រភេទទី ១១. វិមានកប្រេត
[កែប្រែ]វិមានកប្រេត ប្រេតមានវិមាននៅ ។ ក្នុងតម្រាខ្មែរហៅជា វេមានិក មានរូបធំទ្រមឹង រាងធាត់ក្រអាញ ដុះរោមជិតឈឹង ពោះប៉ោងត្រង់ភ្លឹងសម្បើមអស្ចារ្យ ប៉ុន្តែសុខ ទុក្ខស្ទើគ្មាន ។ តាមធម្មតាដៃកាន់អាវុធ ចិត្តកាចក្លៀវក្លា ប្រេតនេះ គេហៅថា យមរាជ ទៅកាប់សត្វនរកឈាមប្រឡាក់ព្រាចពីព្រឹកដល់ល្ងាច អត់បាយអត់ទឹក វាយសួរចម្លើយ កាត់ទោសគ្រប់នរក ត្រួតត្រាលើគេទាំងអស់ ។ ពេលដែលសាយសុខ គឺក្លាយខ្លួនទៅជាទេវបុត្រកម្លោះមានរូបល្អឥតខ្ចោះ នៅក្នុងឋានសួគ៌ ស្រីទេពអប្សរចោមរោមសុំស្នេហ៍ ដល់ពេលសោយទុក្ខកើតជាប្រេតចង្រៃរងទុក្ខវេទនាទាំងយប់ទាំងថ្ងៃ ប្រេតនេះកាលពីជាតិមុនជាមនុស្សស៊យប្រព្រឹត្តិលេលាបានធ្វើទានខ្លះ ធ្វើតាមទម្លាប់គឺបុណ្យក៏ធ្វើ បាបក៏ធ្វើ ក្នុងន័យប្រមាថដូចនេះហើយទើបផលកម្ម សងទាំងពីបែបនេះ ។
ប្រភេទទី ១២. មហិទ្ធិកប្រេត
[កែប្រែ]មហិទ្ធិកប្រេត ប្រេតមានឫទ្ធិច្រើន (ជាធំជាងប្រេតទាំងឡាយ មើលខុសត្រូវប្រេតទាំងឡាយ) ។ ក្នុងតម្រាខ្មែរចែងថា ប្រេតឈ្មោះ មហិទ្ធិកៈ នេះ រូបល្អពេញទីជាស្តេចនៃប្រេត អ្នកមានឫទ្ធិល្អឥតមានពីរស្មើរូបទេព្តាមានគ្រឿងស្លៀកពាក់ ស្រស់ស្អាតពេកក្រៃ ទាស់តែស្រេកឃ្លានអាហារ អ្វីៗត្រេកអរលើសលន់ ខំស្ទុះទៅចាប់ភ្លើងឆេះពេកពន់ បើមិនដូចនោះទេ ឃើញហើយខំស្ទុះ ចាប់កើបស្រវាបានដាក់ក្នុងមាត់លេបទៅកាលណាស្រាប់តែក្លាយជាដុំដែក ក្រហមច្រាលឆ្អៅឆេះឆាបក្នុងមាត់ស្រេកឃ្លានណាស់ ព្រោះមានកម្មច្រើន ក្លិនស្អុយអស្ចារ្យ ល្អតែរូបកាយ ។ ប្រេតនេះកាលពីជាតិមុនបួសក្នុងសាសនាប្រមាថសុះសាយ បួសមិនប្រព្រឹត្តវិន័យ បួសឆាន់តែបាយ ប្រព្រឹត្តអាក្រក់ ធ្វើមិច្ឆាចារ ឆបោកគ្រហស្ថ ប្លន់លាភមិនប្រតិបត្តិតាមវិន័យ ។
កំណាព្យទាក់ទងនឹងប្រេត
[កែប្រែ]ល្បើកប្រេត
[កែប្រែ]ភិក្ខុ សុង ស៊ីវ បាននិពន្ធ ល្បើកប្រេត ដើម្បីពន្យល់ប្រភេទនីមួយៗនៃប្រេត និង ការឈឺចាប់ ស្រេកឃ្លាន របស់ពួកប្រេតទាំងនោះ ។ ប្រសិនបើអ្នកអានពិនិត្យពិចារណាឲ្យបានស៊ីជម្រៅទៅលើលក្ខណៈរូបរាង សំលៀកបំពាក់តែងតួ ចំណីអាហារ និង ចិត្តគំនិតរបស់ប្រេតនីមួយនៃពួកប្រេតទាំង ១២ ពួកនោះ អ្នកអាននឹងអាចទាញការសន្និដ្ឋានថា មានអំពើរើសអើង បែងចែកវណ្ណៈ អយុត្តិធម៌ និង អំពើពុករលួយ នៅក្នុងការចាត់ថ្នាក់នោះ ។ យើងស្អប់ខ្ពើម ជិនឆ្អន់អយុត្តិធម៌ និង អំពើពុករលួយនៅក្នុងសង្គមមនុស្ស ព្រោះតែចិត្តលោភលន់របស់មនុស្សមានអំណាច មានល្បិច និង អាត្មានិយម ។ ពេលស្លាប់ជាខ្មោចហើយក៏នៅបន្តបែងចែកវណ្ណៈ បែងចែកប្រភេទខ្មោចឬប្រេតទៀត ។ ពួកប្រេតណាដែលមានទ្រព្យច្រើនអាចសូកប៉ាន់យមបាលដើម្បីបន្ធូរបន្ថយទោសទណ្ឌ មានរូបរាងកាយល្អជាងគេ មានសំលៀកបំពាក់និងគ្រឿងតែងកាយប្រណិត និង មានម្ហូបអាហារល្អសម្រាប់បរិភោគទៀត ។ ចំណុចនេះពិតជាឆ្លុះបញ្ចាំងឲ្យឃើញនូវល្បិចកលពិសពុលដ៏អាក្រក់របស់អ្នកនិពន្ធអក្សរសិល្ប៍បែបពុទ្ធនិយមទាំងនោះ ។
ទំនួញប្រេត
[កែប្រែ]បទស្មូត "ទំនួញប្រេត" និពន្ធដោយលោក ពេជ្រ សុខា ជាចម្រៀងរៀបរាប់សុខទុក្ខ បុណ្យ បាប របស់ឪពុកម្តាយ ដែលបានកើតទៅជាប្រេតក្រោយពេលស្លាប់ ។ ទំនួញប្រេត មានអត្ថន័យអប់រំកូនចៅ ដែលនៅកំពុងរស់នៅ ឲ្យស្គាល់ភារកិច្ច និង កិច្ចដែលត្រូវធ្វើពេលភ្ជុំបិណ្ឌ ។ ប្រជាជនខ្មែរមានជំនឿថា នៅរដូវភ្ជុំបិណ្ឌ ជាពេលដែលពួកយមបាល បើកទ្វារនរកអនុញ្ញាតឲ្យប្រេតមានឱកាសឡើងមកទទួលទានរបស់កូនចៅ សាច់ញាតិ ឬ គ្រួសាររបស់ពួកគេ ។ ប្រជាជនខ្មែរធ្លាប់ឮបទស្មូតនេះនៅតាមវត្តអារាម ក្នុងព្រះរាជាណាចក្រកម្ពុជា នៅរដូវបុណ្យកាន់បិណ្ឌ ។ បទមួយទៀត មានចំណងជើងថា "ទំនួញប្រេត" ដូចគ្នាដែរ ប៉ុន្តែមិនមែនជាស្មូតទេ អត្ថន័យក៏ខុសគ្នាដែរ ។
ពិធីបុណ្យទាក់ទងនឹងប្រេត
[កែប្រែ]នៅក្នុងគម្ពីរធម្មបទដ្ឋកថា បាននិយាយពីរឿងពួកប្រេតរបស់ព្រះរាជាព្រះនាមពិម្ពិសារមួយក្រុម បានបំពេញទានមានវត្ថុមិនស្អាតបរិសុទ្ធ ពោលគឺសីុបាយមុនលោក លុះធ្វើមរណកាលទៅបានទៅកើតក្នុងបេតវិស័យ "កើតជាប្រេត" សោយទុក្ខវេទនាអស់កាលដ៏យូរអង្វែង គឺតាំងពីមុនភទ្ទកប្បយើងនេះទៅទៀត។ លុះមកដល់ភទ្ទកប្បយើងនេះមានព្រះពុទ្ធត្រាស់ដឹងធម៌ប្រាំព្រះអង្គគឺ កុក្កសន្ធោ កោនាគមនោ កស្សបោ សមណគោត្តម និង អរិយមេត្តេយ្យ ។ នៅសល់ព្រះមួយអង្គទៀតដែលមិនទាន់បានត្រាស់ គឺ ព្រះអរិយមេត្តេយ្យ ដែលលោកកំពុងតែបំពេញបារមីនៅឋានតុសិតសព្វថ្ងៃនេះ។
ព្រះពុទ្ធព្រះនាមកុក្កសន្ធោ បានត្រាស់ដឹងឡើងមុនគេក្នុងភទ្ទកប្បនេះ ពួកប្រេតទាំងនោះក៏នាំគ្នាទៅសួរថា បពិត្រព្រះអង្គដ៏ចំរើន ចុះយើងខ្ញុំទាំងឡាយកាលណាទើបបានអាហារបរិភោគ ។ ព្រះអង្គទ្រង់ត្រាស់ថា ចាំសួរព្រះពុទ្ធជាន់ក្រោយចុះ ក្នុងសាសនាតថាគតនេះអ្នកទាំងឡាយមិនត្រូវបានអាហារបរិភោគទេ។ លុះផែនដីដុះបានមួយយោជន៍ឡើង ព្រះពុទ្ធព្រះនាមកោនាគមនោបានត្រាស់ដឹង ពួកប្រេតទាំងនោះក៏បាននាំគ្នាទៅសួរទៀត ព្រះអង្គក៏បានត្រាស់ដូចព្រះពុទ្ធមុនដែរ ។ លុះដល់ព្រះពុទ្ធព្រះនាមសមណគោត្តមយើងនេះបានត្រាស់ដឹងឡើងក្នុងលោក ពួកប្រេតទាំងនោះបាននាំគ្នាទៅសួរព្រះអង្គ ហើយព្រះអង្គត្រាស់ថា អ្នកទាំងឡាយត្រូវបានអាហារបរិភោគក្នុងសាសនាតថាគតនេះហើយ តែចាំមើលពេលណាដែលព្រះបាទពិម្ពិសារជាញាតិរបស់អ្នកទាំងឡាយថ្វាយទានដល់តថាគតនឹងញ៉ាំងអាហារឱ្យសំរេចដល់អ្នកទាំងឡាយ អ្នកទាំងឡាយនឹងបានអាហារបរិភោគក្នុងពេលនោះ។
លុះព្រះបាទពិម្ពិសារបានថ្វាយទានក្នុងថ្ងៃដំបូង ហើយមិនបានផ្សាយផលទៅឱ្យពួកញាតិ ក៏ស្រាប់តែពួកប្រេតទាំងឡាយនោះយំស្រែកទ្រហឹងអឺងកងក្នុងរាត្រីនោះ ជាសំលេងគួរឱ្យព្រឺព្រួចភ័យខ្លាចពេកណាស់ ដែលស្ថិតនៅពាសពេញព្រះរាជដំណាក់។ លុះព្រឹកឡើងព្រះបាទពិម្ពិសារក៏បានយាងទៅកាន់វត្តវេឡុវ័ន ហើយសួរព្រះសម្ពុទ្ធពីហេតុការណ៍យប់នោះ ព្រះអង្គទ្រង់ត្រាស់ថា ពួកប្រេតជាញាតិរបស់ព្រះអង្គនាំគ្នាយំស្រែករកអាហារ ព្រោះពួកប្រេតទាំងនោះត្រូវបានអាហារបរិភោគក្នុងសាសនាតថាគតនេះហើយ។ ព្រះរាជាគ្រាន់តែបានដឹងហេតុយ៉ាងដូច្នេះហើយ ក៏បានចាត់ចែងធ្វើបុណ្យទានម្តងទៀតមានបាយ ទឹក នំចំណី ត្រី សាច់ សំពត់អាវស្បៃជាដើមដល់ព្រះសង្ឃទាំងឡាយមានព្រះពុទ្ធជាប្រធាន ព្រះអង្គក៏បានអនុមោទនាដោយ "តិរោកុឌ្ឌសូត្រ"ស្រេចហើយ ពួកប្រេតទាំងនោះក៏ទទួលផលក្នុងពេលនោះ ហើយក៏បានរួចចាកអំពីប្រេតវិស័យទៅកើតក្នុងសុគតិភពអស់ទៅ។ រឿងនេះលើកយកមកបំភ្លឺឱ្យឃើញអំពីទំនាក់ទំនងជាមួយបុណ្យភ្ជុំបិណ្ឌ ហើយជារឿងដែលគួរយកជាប្រមាណក្នុងកិច្ចកុសលបាន។ គួរបញ្ជាក់ថា មនុស្សដែលស្លាប់ទៅមិនមែនសុទ្ធតែចាប់កំណើតជាប្រេតទាំងអស់នោះទេអ្នកធ្វើល្អតែងទៅកើតក្នុងសុគិតភពមានឋានទេវលោកជាដើម ហើយកុសលផលបុណ្យដែលញាតិធ្វើក្នុងរដូវភ្ជុំបិណ្ឌក៏ទៅជួយសណ្តោងអ្នកល្អទាំងនោះឱ្យរឹងរឹតសុខចំរើនទ្វេឡើងថែមទៀត ការលើកឡើងនេះក្រែងមានទស្សនៈយល់ច្រឡំ និងដើម្បីបញ្ចៀសនូវការយល់ខុស។
បុណ្យភ្ជុំបិណ្ឌមានលក្ខណៈពិសេស ៣ យ៉ាងគឺ ៖
១- ដើម្បីឧទិ្ទសកុសលផលបុណ្យជូនចំពោះពួកប្រេតមានមាតា បិតា ញាតិកាប្រាំពីរសន្តានដែលបានចែកឋានទៅកាន់បរលោក ទោះទៅកើតនៅទីណា ជាអ្វីក៏ដោយ។ គោលដៅនៃបុណ្យភ្ជុំបិណ្ឌនេះគឺធ្វើឡើងដើម្បីឧទ្ទិសចំពោះពួកប្រេតទាំងអស់ដែលបានស្លាប់ទៅ ទោះកើតជាអ្វីក៏ដោយ ក៏ឱ្យរួចរដោះកម្មពៀរបាន ហើយទៅកើតក្នុងឋានសុគតិភព សុខចំរើនជាភយ្យោភាពតទៅ។
២- ដើម្បីឱ្យបានសុខចំរើនសិរីសួស្តីដែលកើតពីផលទាននៃបុណ្យភ្ជុំបិណ្ឌដល់ខ្លួន និងសង្គមគ្រួសារ។ មនុស្សគ្រប់រូបទោះល្អឬអាក្រក់តែងប្រាថ្នាចង់បានសុខចំរើន មិនចង់ជួបសេចក្តីទុក្ខឡើយ ប៉ុន្តែសុខឬទុក្ខជាសភាវៈពិតស្តែងចេញតាមអំពើឬសកម្មភាពរបស់មនុស្សដែលប្រព្រឹត្តដូចពាក្យថា ធ្វើល្អ បានល្អ ធ្វើអាក្រក់បានអាក្រក់ នេះជាសច្ចភាព។
៣- ដើម្បីបង្កើតសាមគ្គីធម៌របស់ជាតិព្រោះហេតុនោះទើបមានកំណត់ថ្ងៃ ខែ ពេលវេលា និងមានកំណត់ទានវត្ថុ ដូចជានំអន្សមនំគមជាដើម ប្លែកជាងទាននៃបុណ្យផ្សេងៗ ហើយស្រុះស្រួលបបួលគ្នាធ្វើស្ទើរគ្មានសល់ម្នាក់ទូទាំងព្រះរាជាណាចក្រកម្ពុជា ។
ហេតុអ្វីបានជាពុទ្ធបរិស័ទខ្មែរនាំគ្នាវេចនំអន្សមដូចៗគ្នាយ៉ាងនេះ?
បើយើងពិនិត្យប្រវត្តិដើម នៃការអនុវត្តន៍ជំនឿរបស់ជនជាតិខ្មែរ តាំងពីសម័យដើមមក យើងឃើញថា ជនជាតិខ្មែរធ្លាប់បានប្រកាន់ជំនឿតាមការគោរពព្រលឹងដូនតា ឬ គោរពវត្ថុធម្មជាតិដូចជាទន្លេ ភ្នំ រុក្ខជាតិ, ធ្លាប់កាន់ជំនឿនៃលទ្ធិព្រាហ្មណ៍ (សព្វថ្ងៃហៅថា ហ៊ីនឌូ), ធ្លាប់ប្រកាន់ជំនឿតាមពុទ្ធសាសានាមហាយាន បន្ទាប់មកពួកគេក៏បានប្តូរមកកាន់តាមពុទ្ធសាសនានិកាយថេរវាទវិញ ។ ទោះជាយ៉ាងណាក៏ដោយ ក៏យើងនៅតែសង្កេតឃើញប្រជាជនខ្មែរបន្តអនុវត្តជំនឿទាំងនោះលាយចម្រុះគ្នា ដូចជាពិធីសែនព្រេននៅទីវត្តអារាម តាមស្រែចម្ការ ផ្ទះសម្បែង ពិធីលៀងអារក្ស ពិធីបូជាសពដោយមានអាចារ្យភ្លុកស្លៀកស ពាក់ស ជាដើម ។ នៅក្នុងលទ្ធិព្រាហ្មណ៍ ការអនុវត្តជំនឿគឺភាគច្រើនធ្វើឡើងតាមរយៈការបង្កើតនិមិត្តសញ្ញាសម្រាប់តំណាងអង្គអាទិទេពណាមួយ ដូចជាការសូន្យថ្មតំណាងឲ្យលិង្គព្រះឥសូរ និង យោនីព្រះនាងឧមាវតី, ការប្រើផ្លែត្រប់វែង (ត្រប់ក្តគោ) និង ត្រប់មូលនៅក្នុងពិធីមង្គលការ, ការរៀបស្លឹកម្លូ (យោនី) និង ចំណិតស្លា (លិង្គ) នៅលើកន្ទោងបាយសី, ការពោលពាក្យថា "សូមឲ្យអ្នកទាំងពីរបានសុខចម្រើន ត្រជាក់ត្រជុំដូចទឹកអង្គ (លិង្គ) បំពង់ខ្ចី (យោនី)", ការវេចនំអន្សម (លិង្គ) និង នំគម (យោនី) ។ ការអនុវត្តន៍ជំនឿទាំងនេះបានដិតជាប់នៅក្នុងផ្នត់គំនិតរបស់ខ្មែរ ដែលពិបាកនឹងលុបបំបាត់ចោលណាស់ ។ ដូច្នេះហើយទើបភិក្ខុមួយចំនួនចេះតែបណ្តោយឲ្យប្រជាជនធ្វើកិច្ចទាំងនោះ ដោយមិនហ៊ានពន្យល់វែកញែកឲ្យច្បាស់ ព្រោះម្យ៉ាងខ្លាចបាត់សមាជិកពុទ្ធបរិស័ទជើងវត្ត ម្យ៉ាងទៀតខ្លាចបាត់លាភសក្ការៈអំពីកិច្ចទាំងនោះ ។
សរុបសេចក្តី
ភ្ជុំបិណ្ឌ ជា បុណ្យមួយផ្នែកព្រះពុទ្ធសាសនា ដែលជាទីពេញនិយមពីសំណាក់ពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាន ។ ទោះបីមកដល់សម័យទំនើប ដែលមនុស្សជាច្រើនឈប់ជឿលើជំនឿអរូបី ខ្មោច ព្រាយ អារុក្ខអារក្ស អ្នកតា ទេវតា ប្រេត នរក ឬ សួគ៌ហើយក៏ដោយ ក៏នៅមានមនុស្សមួយចំនួនបន្តសេចក្តីជំនឿទាំងនោះ និង បន្តអនុវត្តកិច្ចបូជាខាងសាសនារហូតមក ។ ដរាបណាគ្មានការអប់រំ និង សិក្សាជ្រៅជ្រះដើម្បីជាឧបករណ៍សម្រាប់វិភាគពិចារណាស្វែងរកសច្ចភាព និង តថភាព ដរាបនោះនឹងនៅតែមានមនុស្សល្ងង់ខ្លៅបន្តអនុវត្តជំនឿគ្មានហេតុផលរហូត ។
បទវិភាគលើនិទានកថាអំពីប្រេត
[កែប្រែ]ការសិក្សាអក្សរសិល្ប៍ឥណ្ឌានៅក្នុងគម្ពីរបញ្ចតន្ត្រៈ គម្ពីរហិតោបទេស និង ជាតកផ្សេងៗ បានបង្ហាញឲ្យឃើញថា អ្នកនិពន្ធបានស្ថិតនៅក្រោមគំនាបប្រពៃណី និង សាសនា ជាពិសេសគំនាបរបស់វណ្ណៈព្រាហ្ម និង វណ្ណៈក្សត្រ ។ ពួកមនុស្សវណ្ណៈក្សត្រ ដែលជាអ្នកដឹកនាំ មិនត្រឹមតែមិនបានគិតគូរដោះស្រាយបញ្ហារបស់រាស្ត្រទេ ពួកគេថែមទាំងបានប្រើអំណាចផ្តាច់ការដើម្បីជិះជាន់ កេងប្រវ័ញ្ច បោកបញ្ឆោតប្រជារាស្ត្រ ដោយប្រើគ្រប់មធ្យោបាយ ។ ពួកវណ្ណៈព្រាហ្ម ដែលមានអាចារ្យ ឬ ព្រាហ្មបុរោហិតច្រើនគរដឹកនៅបម្រើក្សត្រតាមរាជវាំង និង វិហារនានា តែងរួមគំនិតគ្នាជាមួយមនុស្សវណ្ណៈក្សត្រដែលមានទាំងកម្លាំងអាវុធ និង ទ្រព្យសម្បត្តិ ដើម្បីបោកបញ្ឆោតប្រជាជននៅវណ្ណៈក្រោមៗ ជាពិសេសមនុស្សនៃវណ្ណៈសូទ្រ និង មនុស្សចណ្ឌាល ។ ដោយអ្នកប្រាជ្ញមួយចំនួនបានមើលឃើញអំពើអយុត្តិធម៌ទាំងនេះ ទើបលោកនិពន្ធនិទានអប់រំជាច្រើនសម្រាប់អប់រំប្រដៅមនុស្សនៃវណ្ណៈព្រាហ្ម និង វណ្ណៈក្សត្រ ឲ្យកែប្រែឥរិយាបថចំពោះមនុស្សនៅវណ្ណៈខាងក្រោមៗ ។ ទោះជាយ៉ាងណាក៏ដោយ អ្នកនិពន្ធទាំងនោះមិនហ៊ានបញ្ចេញទស្សនៈអប់រំរបស់ខ្លួនដោយចំហទេ ពួកគាត់ត្រូវប្រើសិល្ប៍វិធីបង្កប់ ប្រៀបធៀប ដោយយកតួអង្គសត្វផ្សេងៗជំនួសឲ្យតួអង្គមនុស្សនៅក្នុងសង្គមពិតប្រាកដ ។
អ្នកនិពន្ធសម័យក្រោយៗមួយចំនួនមានសេចក្តីក្លាហានគ្រាន់បើក៏បានលើកយកតួអង្គពាក់កណ្តាលមនុស្ស ពាក់កណ្តាលសត្វ (ប្រេត) មកបង្ហាញឲ្យឃើញនូវសកម្មភាព និង ស្ថានភាពពិត ដែលកំពុងកើតឡើងនៅក្នុងសង្គមឥណ្ឌា នៅក្រោមការជិះជាន់របស់មនុស្សនៅវណ្ណៈព្រាហ្ម និង វណ្ណៈក្សត្រ ។ ពួកប្រេត គឺជាតំណាងប្រជារាស្ត្រក្រីក្រដែលទទួលរងការជិះជាន់ កេងប្រវ័ញ្ច រងការធ្វើទារុណកម្មគ្រប់យ៉ាង ពីពួកព្រាហ្ម និង វណ្ណៈក្សត្រ ។ ពួកប្រជារាស្ត្រគ្មានអាហារបរិភោគគ្រប់គ្រាន់ ផលិតផលផ្នែកកសិកម្ម និង សិប្បកម្មផ្សេងៗ ត្រូវបានពួកក្សត្រប្រមូលយកអស់ ។ នៅពេលមានការតស៊ូរើបម្រះពីសំណាក់ប្រជារាស្ត្រ ពួកព្រាហ្ម និង ពួកក្សត្រ បានប្រើគ្រប់មធ្យោបាយធ្វើទារុណកម្មលើរាងកាយរបស់រាស្ត្រ ដើម្បីបំបាក់ស្មារតី បំបិតកុំឲ្យមានគំនិតងើបឡើងប្រឆាំងនឹងពួកវណ្ណៈរបស់ខ្លួន ។ តួអង្គប្រេតទាំងនោះ គឺជាប្រជារាស្ត្រសាមញ្ញពិតប្រាកដដែលមានគំនុំ រង់ចាំសងសឹកចំពោះមនុស្សវណ្ណៈព្រាហ្ម និង វណ្ណៈក្សត្រ ដែលបានប្រព្រឹត្តអំពើសាហាវយង់ឃ្នងមកលើប្រជារាស្ត្ររាប់ពាន់ជំនាន់ ។
ពួកវណ្ណៈព្រាហ្ម និង វណ្ណៈក្សត្រ សប្បាយរីករាយនឹងឃើញ ឬ ឮការបកស្រាយថា មានប្រេត មានស្ថាននរក មានស្ថានសួគ៌ និង ការធ្វើបុណ្យសម្រាប់ដាក់ទៅជាតិមុខ ។ ពួកគេបំភាន់ស្មារតីប្រជាជនឲ្យផ្តោតការយកចិត្តទុកដាក់ទៅលើបរលោក ដោយបង្វែរការគិតពិចារណារបស់រាស្ត្រពីការគិតគូរដោះស្រាយបញ្ហាសង្គមនាពេលបច្ចុប្បន្ន ព្រោះថាបើរាស្ត្រងាកមកគិតគូរដោះស្រាយបញ្ហាសង្គមក្នុងពេលនៅមានជីវិត ពេលនោះរាស្ត្រនឹងរកឃើញថា ភាពក្រីក្រ ការជិះជាន់ កេងប្រវ័ញ្ច អយុត្តិធម៌ និង ការបាត់បង់សេរីភាព សុទ្ធតែជាលទ្ធផលកើតចេញមកពីអ្នកដឹកនាំប្រទេស ។
ដូច្នេះ អ្នកអានគួរគិតពិចារណា នៅពេលអានសាច់រឿងទាំងឡាយដែលរៀបរាប់នៅក្នុងគម្ពីរព្រះត្រៃបិដក ដោយពិនិត្យមើលថា តើអ្នកនិពន្ធមានគោលគំនិតអ្វីសម្រាប់ការអប់រំ ពោលគឺមិនមែនចេះតែនាំគ្នាជឿថា មានប្រេត មានឋាននរក ឋានសួគ៌ ដោយខ្វះការពិចារណានោះឡើយ ។ អ្នកនិពន្ធបានប្រើវិធីភ្ជាប់សាច់រឿងទាំងឡាយទៅនឹងតួអង្គព្រះពុទ្ធ ថាជារឿងដែលព្រះពុទ្ធបានសំដែងទុក ប៉ុន្តែតាមការពិត វាគ្រាន់តែជាវិធីនិពន្ធដើម្បីឲ្យប្រជាជនឆាប់ទទួលយកប៉ុណ្ណោះ ។
ឯកសារយោង
[កែប្រែ]- ↑ ភ្ផុំបិណ្ឌជាបុណ្យប្រវត្ដិសាស្ដ្ររបស់បុព្វជនខ្មែរ Archived 2012-10-28 at the វេយប៊ែខ ម៉ាស៊ីន., នៅ សុខភាពកម្ពុជា
ព្រះត្រៃបិដក > សុត្តន្តបិដក > សំយុត្តនិកាយ